Register Already an agent ? Login

ក្រសួងរៀបចំដែន បានចេញបណ្ណកម្មសិទ្ធិដីធ្លីជាង ៦លានបណ្ណ មានក្បាលដី ៧លានក្បាលដី ក្នុងឆ្នាំ២០២១

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញបណ្ណកម្មសិទ្ធិដីចំនួន ៦,៤១៥,៣១១បណ្ណ ស្មើនឹង៩១.៦ភាគរយ នៃចំនួនក្បាលដីប៉ាន់ស្មានដំបូង ៧លានក្បាលដី លើសផែនការ ១.៦ភាគរយ ធៀបនឹងសូចនាករ ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្ររបស់ក្រសួង។ តាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី គិតពីចាប់ផ្តើមអនុវត្តដល់ដំណាច់ឆ្នាំ២០២១។

បើតាមរបាយការណ៍បានបន្តថា ការចេញបណ្ណ ចែកជា២ រួមមានដូចខាងក្រោម៖

-ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ សម្រេចបាន ៥,៧៩១,៧៦១បណ្ណ និងចែកបណ្ណបានចំនួន ៥,៣២៩,១៥៣បណ្ណ (សម្បទានដីសង្គមកិច្ចចំនួន ១៧៩៩៣បណ្ណ)។

-ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ សម្រេចបាន ៦២៣,៥៥០បណ្ណ ក្នុងនោះដីរដ្ឋបាន ១៨៩ទីតាំង ចំនួន២,១០៤បណ្ណ ទំហំដី ៩០៧,៤៩៣ហិកតា ដីឯកជនរបស់បុគ្គលឯកជន បាន៦២០,៥៩០បណ្ណ និងដីសហគមន៍ជនជាតិដើមភាគតិចបាន ៣៣សហគមន៍ ស្មើនឹង ៨៥៦បណ្ណ ទំហំដី ៣៣,៨៩៩ហិកតា សម្រាប់ ៣,២៣៥គ្រួសារ។

បើតាមរបាយការណ៍បានបន្តទៀតថា ដោយឡែក ការចុះបញ្ជីដីគរុភណ្ឌវត្តបានចំនួន ១,៩៣៦ វត្តស្មើនឹង ២,៤០៤បណ្ណ (ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបា ន២០៨៥បណ្ណ និងដាច់ដោយដុំ បានចំនួន ៣១៩បណ្ណ)។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានផ្ដល់ប្លង់ដីសរុបចំនួន ៧០៤ប្លង់ ដល់ពលរដ្ឋក្នុងឃុំគោលដៅចំនួន៥ ក្នុងខេត្តក្រចេះ តាមរយៈគម្រោងបែងចែកដី LASED ជំហានទី២។ កម្មវិធីនេះធ្វើឡើងក្រោម វត្តមាន ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ។

ពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិដីមានសរុប ៤៥៨ គ្រួសារស្មើនឹង ៧០៤បណ្ណ ហើយមកពីឃុំគោលដៅចំនួន៥ គឺឃុំសំបុក ឃុំចង្រ្កង់ ឃុំដារ និងឃុំថ្មី ក្នុងស្រុកចិត្របុរី និងនិងឃុំចំបក់ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។តាមរយៈគម្រោង LASED II រដ្ឋាភិបាលបានបែកចែកដីនៅតាមបណ្តាខេត្តគោលដៅចំនួន៥ សរុបទំហំ ១៦,១១៣ហិកតា ស្មើនឹង ៣,៩៦០គ្រួសារ ឬ ៦,៩៣២បណ្ណ។

គួរបញ្ជាក់ថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឬស្គាល់ជាទូទៅថា LASED គឺជាកម្មវិធីផ្ដល់ដីធ្លីជូន ប្រជាជនក្រីក្រ និងជនជាតិដើមភាគតិចនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស។ គម្រោងនេះ ជាការសហការគ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាធនាគារពិភពលោក ដែលមកទល់មកបច្ចុប្បន្ន បានដំណើរការមកដល់ជំហានទី៣ ហើយ។

តាំងពីចាប់ផ្ដើមគម្រោងកាលពីឆ្នាំ២០០៨ មកទល់បច្ចុបន្ន ដីធ្លីសរុបយ៉ាងហោចជាង ៣ម៉ឺនហិកតា ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រជាង ៥ម៉ឺនគ្រួសារ ដោយចំណាយថវិកាសរុបជិត ៤០លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)