Register Already an agent ? Login

រយៈពេល ១១ខែឆ្នាំ២០២១ ការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ជិត ១៦ពាន់លានដុល្លារ

ភ្នំពេញ៖ កម្ពុជា បាននាំចេញទំនិញគ្រប់ប្រភេទ រយៈពេល​ ១១ខែ ឆ្នាំ២០២១ មានទឹកប្រាក់ប្រមាណ ១៥.៧២៩លានដុល្លារ បើធៀបទៅនឹងឆ្នាំ២០២០ មានការថយចុះ ០.១២ភាគរយ។ បើតាម សន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។

សន្និបាតខាងលើ ដឹកនាំដោយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា សមាហរណកម្ម និងពាណិជ្ជកម្មអន្តរជាតិកម្ពុជានៅតែបន្តរក្សាកំណើនក្នុងអត្រាមួយគួរឱ្យកត់សម្គាល់ ក្នុងនោះ តម្លៃនៃការនាំចេញក្នុងឆ្នាំ២០២០ មានប្រមាណ ១៧,២១៥លានដុល្លារ ពោលគឺកើនឡើង ១៦.៧% បើប្រៀបធៀបនឹងតម្លៃនាំចេញក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩។

លោក ប៉ាន សូរស័ក្តិ បានថ្លែងបញ្ជាក់ថា ត្បិតតែតម្លៃនាំចេញក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២១ មានចំនួន ១៥,៧២៩លានដុល្លារ ដែលមានការធ្លាក់ចុះចំនួន ០.១២% ធៀបនឹងតម្លៃនាំចេញសម្រាប់រយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ក៏ដោយ ប៉ុន្តែបើតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២១ នេះ នឹងមានប្រមាណ ២.៤%។

លោក បានថ្លែងបន្តថា សម្រាប់ការងារពាណិជ្ជកម្មក្នុងឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានអនុវត្តយ៉ាងសកម្មកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគី ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញផលិតកម្មទាំងសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញទៅទីផ្សារអន្តរជាតិ។

លោក រដ្ឋមន្រ្តី បានថ្លែងបន្តទៀតថា ក្រសួងប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេស ការរក្សាឱ្យបាននូវសន្តិសុខស្បៀង ការបន្តស្វែងរកទីផ្សារថ្មី និងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន តាមរយៈការកែប្រែបញ្ហាប្រឈមទៅជាឱកាសក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ ការកាត់បន្ថយចំណាយ ការបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ចនិងការវិនិយោគនិងការពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

លើសពីនេះ ក្រសួងក៏សម្រេចបាននូវសមិទ្ធផលខាងការពារកម្មសិទ្ធិបញ្ញា កិច្ចការពារអ្នកប្រើប្រាស់ ការត្រួតពិនិត្យ ព្រមទាំងការបង្ក្រាបការក្លែងបន្លំនូវផលិតផលជាទំនិញ និងសេវាកម្មគ្រប់ប្រភេទ ដែលជាឧត្តមប្រយោជន៍របស់អ្នកប្រើប្រាស់ និងប្រជាជនទូទៅ។ បើតាមការថ្លែងបន្ថែមរបស់ លោក ប៉ាន សូរស័ក្តិ។

លោក រដ្ឋមន្រ្តីបានបន្ថែមទៀតថា ក្រសួងបានយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈជូនវិស័យឯកជន តាមរយៈការដាក់ឱ្យប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ការបញ្ចុះកម្រៃសេវា ការកាត់បន្ថយពេលវេលា បែបបទ និងនីតិវិធីដែលពុំចាំបាច់។ ដើម្បីចូលរួមប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក ក្រសួងពាណិជ្ជកម្មកំពុងខិតខំពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងាររបស់មន្រ្តី តាមរយៈការពង្រឹងធនធានមនុស្ស ធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាល និងគ្រប់គ្រងការអភិវឌ្ឍស្ថាប័ន។

ក្នុងក្រសួងពាណីជ្ជកម្ម បានបន្តធ្វើពិពិធកម្មទីផ្សារ និងបើកច្រកទីផ្សារបន្ថែមទៀត តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីយ៉ាងសកម្ម និងជោគជ័យទាំងក្នុងក្របខ័ណ្ឌទ្វេភាគីនិងតំបន់។

លោក រដ្ឋមន្រ្តីបានបញ្ជាក់ថា «ការធ្វើពិពិធកម្មរួមមាន៖ ការសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ( RCEP)។ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ដែលនឹងចូលជាធរមាននៅថ្ងៃទី១ មករា ឆ្នាំ២០២២។ ហើយនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ដែលក្រសួងបានឆ្លងគណៈកម្មការជំនាញ នៃរដ្ឋសភាកាលពីថ្ងៃទី២២ ធ្នូ២០២១ ពោលគឺរដ្ឋសភាគ្រោងដាក់ក្នុងកិច្ចប្រជុំពេញអង្គនៅចុងខែនេះ»។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញលំហូរពាណិជ្ជកម្ម ដែលនឹងផ្ដល់ប្រ​យោ​ជន៍ឱ្យគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍ សុខមាលភាពប្រជាជននិងការតភ្ជាប់ធុរកិច្ច នៃប្រទេសជាសមាជិកឱ្យកាន់តែប្រសើរឡើងបន្ថែ​មទៀត។ បើតាមការថ្លែងបញ្ជាក់បន្តរបស់ លោក ប៉ាន សូរស័ក្តិ៕

ដោយ៖ មឿន​ ឌីណា (Moeun  Dyan)