Register Already an agent ? Login

ប្រជាពលរដ្ឋខេត្តបាត់ដំបងជាង ២ពាន់គ្រួសារ ចូលទន្ទ្រានកាន់កាប់ដីរដ្ឋនៅតំបន់បឹងទន្លេសាបជាង ១ម៉ឺនហិកតា

បាត់ដំបង៖ ប្រជាពលរដ្ឋចំនួន ២,៥១៤គ្រួសារ ស្ថិតនៅក្នុងឃុំចំនូន១៧ ក្នុងស្រុកទាំង៤ នៃខេត្តបាត់ដំបងគឺ ស្រុកសង្កែ ស្រុកថ្មគោល ស្រុកមោងឫស្សី និងស្រុកឯកភ្នំ បានចូលកាប់ទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ប្រមាណ ១២,២២១ហិកតា។ យោងតាមរបាយការណ៍របស់ក្រុមការងារអន្តរក្រសួង។

នៅក្នុងរបាយការណ៍អន្តរក្រសួងបានបញ្ជាក់ថា ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង តំបន់៣ មានផ្ទៃដីចំនួន ២០៦,៩៥៣ហិកតា ស្មើនឹង ៣១.៩៦% នៃផ្ទៃដីតំបន់ ៣ សរុបមានចំនួន ២៩ទីតាំង ស្មើនឹងផ្ទៃដីប្រមាណ ១២,២២១ហិកតា។

បើតាមរបាយការណ៍អន្តរក្រសួងដដែលបានឱ្យដឹងបន្តថា ស្រុកទាំង៤ នៃខេត្តបាត់ដំបងដែលប្រជាពលរដ្ឋចូល កាប់ទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបប្រមាណ ១២,២២១ហិកតា មានដូចខាងក្រោម៖

១-ស្រុកសង្កែ៖ មានឃុំចំនួន១០ ក្នុងនោះមានឃុំ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹក បឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៦កន្លែង ស្មើ ១១៤.៥ហិកតា និងមានប្រជាពលរដ្ឋចំនួន ១,៩៤៤គ្រួសារ។

២-ស្រុកថ្មគោល៖ មានឃុំចំនួន១០ ក្នុងនោះមានឃុំ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៨កន្លែង ស្នើផ្ទៃដី ៣៨៦ហិកតា និងមានប្រជាពលរដ្ឋចំនួន ៦៩គ្រួសារ។

៣-ស្រុកមោងឫស្សី៖ មានឃុំចំនួន៩ ក្នុងនោះមានឃុំ៥ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ១១កន្លែង ស្នើផ្ទៃដី ២១៤.៧ហិកតា និងមានប្រជាពលរដ្ឋចំនួន ១៩២គ្រួសារ។

៤-ស្រុកឯកភ្នំ៖ មានឃុំចំនួន៧ ក្នុងនោះមានឃុំ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៤កន្លែង ស្នើផ្ទៃដី ៣,០៥៣.២ហិកតា និងមានប្រជាពលរដ្ឋចំនួន ៣០៩គ្រួសារ។

ទំព័រហ្វេសប៊ុក រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឱ្យដឹងថា កាលពីថ្ងៃទី៥​ខែ ធ្នូ ឆ្នាំ២០២១ ក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោក ជា សុផារ៉ា បានចុះមកពិនិត្យទីតាំងនៃការរំលោភកាប់ទន្រ្ទានយក ដីព្រៃរដ្ឋធ្វើជាកម្មសិទ្ធិ ក្នុងភូមិដំបូកបុណ្យ ឃុំអន្លុងវិល ស្រុកសង្កែ។

បន្ទាប់ពីក្រុមការងារអន្តរ ក្រសួងបានចុះទៅពិនិត្យទីតាំងជាក់ស្តែងរួចមក នៅសាលាខេត្តបាត់ដំបង លោក ជា សុផារ៉ា បានដឹកនាំកិច្ចប្រជុំ ក្នុងគោលបំណងពិនិត្យ វាយតម្លៃជារួម និងដាក់ចេញនូវយន្តការដោះស្រាយចំពោះមុខ និងវិធានការការពារដីព្រៃលិចទឹករបស់រដ្ឋ។

កិច្ចប្រជុំ បានធ្វើការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងស៊ីជម្រៅទាក់ទងបញ្ហាខាងលើចុងបញ្ចប់កិច្ច ប្រជុំបានសម្រេចដូចខាងក្រោម ៖

១-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការនឹងរៀបចំបោះបង្គោលព្រំដីព្រៃលិចទឹកឱ្យបានគ្រប់ចំនួនសរុប ៦០បង្គោល ដែលមិនទាន់បោះ ក្នុងចំណោមបង្គោលសរុបទូទាំងខេត្តចំនួន ១១២បង្គោល។

២-ដោយឡែកយន្តការដោះស្រាយបញ្ហាជារួម គឺយកលទ្ធផលទាំង ៧ចំណុច នៃកិច្ចប្រជុំនៅខេត្តពោធិ៍សាត់កាលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១៕

ដោយ៖ មឿន ឌីណា (Moeun Dyna)