Register Already an agent ? Login

វឌ្ឍនភាគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី សម្រេចបានប្រមាណ ២៥% ខណៈជំងឺកូវីដ-១៩កំពុងនៅជាធរមាន

ភ្នំពេញ៖ វឌ្ឍនភាពគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅក្នុងខេត្តកណ្តាលនេះ គិតមកដល់ថ្ងៃទី៣០ខែសីហា គឺក្រុមហ៊ុនបានសម្រេចលទ្ធផលប្រមាណ ២៥ភាគរយ បើទោះ មានផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។ បើតាមការថ្លែងរបស់ លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបន្តថា ទោះបី មានការពាល់បន្តិចបន្តួច ក៏ប៉ុន្តែក្រុមហ៊ុនអាចគ្រប់គ្រងបាន ហើយអាចដោះស្រាយបាននូវរាល់បញ្ហានៃការរីករាលដាលនេះ ដោយមិនធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពនៃការសាងសង់ អាកាសយានដ្ឋាននេះឡើយ។

លោក ស៊ិន ចាន់សិរីវុត្ថា បានថ្លែងបន្តថា ចំពោះដំណើរការនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី មិនមានបញ្ហាចោទណាមួយគួរឱ្យព្រួយបារម្ភនោះឡើយ ទោះបី កម្ពុជាកំពុងទទួលរងការរំខាន ដោយជំងឺកូវីដ-១៩ក្ដី ក៏ដំណើរការប្រព្រឹត្តិទៅយ៉ាងរលូន ហើយម្យ៉ាងវិញ ទៀតចំពោះបញ្ហាទឹកជំនន់ ដែលកើតឡើងក្នុងខេត្តកណ្ដាល ក៏មិនផ្ដល់ផលប៉ះពាល់ដល់ការសាងសង់នេះដែរ។

លោក បានបញ្ជាក់ ការសាងសង់នឹងបញ្ចប់រួចរាល់ក្នុងឆ្នាំ២០២៣ខាងមុខនេះ ដោយសារតែក្រុមអ្នកជំនាញបានខិតខំសាងសង់ទាំងយប់ទាំងថ្ងៃ ដោយបានបន្ថែម គ្រឿងចក្រ កម្មករ ធ្វើយ៉ាងណាឱ្យរួចរាល់តាមកិច្ចសន្យាដំណាក់កាលទី១ នេះជាដាច់ខាត ខណៈដែលរហូតមកដល់ពេលនេះការសាងសង់សម្រេចបានប្រមាណ២៥ ភាគរយហើយ។

នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី សាងសង់រួចរាល់ហើយនោះ នឹងជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងវិស័យអាកាសចរណ៍ ទាំងវិស័យពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ជាពិសេសរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ បើតាមការលើកឡើងរបស់ លោក ស៊ិន ចាន់សិរីវុត្ថា។

តាមការលើកឡើងក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ អ្នកឧកញ៉ា ពុង ឃាវ សែ ប្រធានក្រុមប្រឹក្សាភិបាលនៃកាណាឌីយ៉ាគ្រុប  និង OCIC បានឱ្យដឹងថា គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ គឺចេញប្លង់សាងសង់ដោយក្រុមហ៊ុន Foster & Partners ដែលជាក្រុមហ៊ុនល្បីល្បាញមួយនៅលើពិភពលោក។

អាកាសយានដ្ឋានថ្មីនេះ ត្រូវបានរចនាឡើងលំដាប់ថ្នាក់ 4F ជាអាកាសយានដ្ឋានធំបំផុតលំដាប់ទី៩ នៅក្នុងពិភពលោក ដែលស្ថិតនៅលំដាប់ពីក្រោយអាកាសយានដ្ឋាន Chicago O’Hare និងលំដាប់មុខអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងរបស់ប្រទេសចិន។ នៅពេលសាងសង់ចប់ អាកាសយានដ្ឋានថ្មីនេះនឹងសមត្ថភាពទទួលយន្តហោះដឹកជញ្ជូនធុនធ្ងន់ផ្លូវឆ្ងាយ ព្រមទាំងមានសមត្ថភាពទទួលអ្នកដំណើរបានចំនួន ២៧លាននាក់នៅឆ្នាំ២០៣០ ហើយនៅឆ្នាំ២០៥០ វានឹងអាចផ្ទុកអ្នកដំណើររហូតដល់ ៣០លាននាក់ ស្របតាមផែនការមេ។

សូមបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានសាងសង់លើផ្ទៃដីទំហំ ២,៦០០ហិកតា ស្តិតនៅខេត្តកណ្តាល និងខេត្តតាកែវ ដោយក្នុងនោះទំហំដី នៅខេត្តកណ្តាល ២,២២៧ក្បាលដី ស្មើនិង ២,៤៤១ហិកតា និងខេត្តតាកែវ ៣៦០ក្បាល ស្មើនិង ១៥៨ហិកតា។

គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ មានទុនវិនិយោគ ១,៥០០លានដុល្លារ ជាការវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មក្រៅប្រទេសកម្ពុជា (OCIC) ដោយដំណាក់កាលទី១ នឹងត្រូវបញ្ចប់ការសាងសង់ ក្នុងឆ្នាំ២០២២ ដែលអាចនឹងទទួលភ្ញៀវទេសចរបានចំនួន ១៣លាននាក់ក្នុង១ឆ្នាំ។

ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលភ្ញៀវ ទេសចរបានចំនួន ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរបានចំនួន៥០លាននាក់ក្នុង១ឆ្នាំ៕

ដោយ៖ មឿន​ ឌីណា (Moeun Dyna)