Register Already an agent ? Login

ជិត ២៧ឆ្នាំ កម្ពុជាបានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានាជាង ១៥ប៊ីលានដុល្លារ

ភ្នំពេញ៖ គិតពីឆ្នាំ១៩៩៣ ដល់ដំណាច់ឆ្នាំ២០២០ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងខ្ចីឥណទាន សម្បទានជាមួយដៃគូអភិវឌ្ឍន៍នានាសរុប ១៥.០៤ប៊ីលានដុល្លារ ក្នុងនោះ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្រប់ដណ្ដប់ប្រមាណ ៨៤ភាគរយ និងវិស័យអាទិភាពចំពោះមុខផ្សេងៗទៀតប្រមាណ ១៦ភាគរយ។ បើតាមប្រត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា លេខ១១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅក្នុងឆ្នាំ២០២០ រាជដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងខ្ចីឥណទាន សម្បទានជាមួយដៃគូអភិវឌ្ឍន៍នានាសរុប ២.០២ប៊ីលានដុល្លារ ឫ ១,៤ប៊ីលានអេសដេអ៊ែរ ស្មើនឹងប្រមាណ ៧៤ភាគរយ នៃពិតានដែលច្បាប់អនុញ្ញាត (១,៩ប៊ីលានអេសដេអ៊ែរ ដោយ ១,៤ប៊ីលានអេសដេអ៊ែរ អនុញ្ញាតដោយច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ៥០០ប៊ីលានអេសដេអ៊ែរ បន្ថែមដោយច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១)។ បើតាមប្រត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាលេខ១១ បានបន្តឱ្យដឹងថា ក្នុងនោះក្របខ័ណ្ឌទ្វេភាគី មានចំនួនប្រមាណ ៥៥ភាគរយ ត្រូវនឹង ១.១១ប៊ីលានដុល្លារ និងក្របខ័ណ្ឌពហុភាគីមានចំនួនប្រមាណ ៤៥ភាគរយ ត្រូវនឹង ៩១៤,១២លានដុល្លារ។

នៅក្នុងប្រត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាលេខ១១ បានបញ្ជាក់ថា គោលដៅ នៃការខ្ចីឥណទានសម្បទានទាំងនេះ គឺសុទ្ធតែសម្រាប់ ហិរញ្ញប្បទានលើគម្រោងវិនិយោគសាធារណៈ ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម ដោយក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្របដណ្ដប់ប្រមាណ ៦៤ភាគរយ និងវិស័យអាទិភាពចំពោះមុខផ្សេងទៀតប្រមាណ  ៣៦ភាគរយ។

ជារួម ឥណទាននេះ សុទ្ធសឹងតែជាឥណទានដែលមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យម ៤៧៦ភាគរយ។

បើតាមប្រត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាលេខ១១ បានបន្តឱ្យដឹងទៀតថា នៅឆ្នាំ២០២០ រាជរដ្ឋាភិបាល បានដកប្រាក់ពីដៃគូអភិវឌ្ឍន៍ យកមកប្រើប្រាស់ជាក់ស្ដែងចំនួន ១.២១ប៊ីលានដុល្លារ ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគីមានចំនួនប្រមាណ ៥២ភាគរយ ត្រូវនឹង ៦២៩,៦១លានដុល្លារ និងក្របខ័ណ្ឌពហុភាគីមានចំនួន ប្រមាណ ៤៨ភាគរយ ត្រូវនឹង៥៨៣,៧៦​លានដុល្លារ។

គិតពីឆ្នាំ១៩៩៣ ដល់ដំណាច់ឆ្នាំ២០២០ រាជរដ្ឋាភិបាល បានដកប្រាក់ពីដៃគូអភិវឌ្ឍន៍ មកប្រើប្រាស់ជាក់ស្ដែងសរុបចំនួន ៦.៩ប៊ីលានដុល្លារ ស្មើនឹងប្រមាណ ៦៤ភាគរយ នៃទំហំឥណទានសម្បទានសរុបដែលបានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានខាងលើ ក្នុងនោះ ប្រមាណ ៨៣ភាគរយ ត្រូវបានប្រើប្រាស់ដើម្បីហិរញ្ញប្បទានលើគម្រោងវិនិយោគសាធារណៈ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រមាណ ១៧ភាគរយទៀត ក្នុងវិស័យចំពោះមុខផ្សៀងទៀត។ បើតាមស្ថិតិបំណុលសាធារណៈកម្ពុជាលេខ១១ ដដែល។

បើតាមស្ថិតិបំណុលសាធារណៈកម្ពុជាលេខ១១ ដដែល បានបន្ថែមថា នៅក្នុងឆ្នាំ២០២០ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលឱ្យដៃគូអភិវឌ្ឍន៍សរុបចំនួន ៣៦០,៣០លានដុល្លារ ក្នុងប្រាក់បំណុលសាធារណៈ ក្នុងប្រទេសមានចំនួនប្រមាណ ០.៤ភាគរយ ត្រូវនឹង ១.៦១លានដុល្លារ (ប្រាក់ដើម ១.៥៦លានដុល្លារ និងការប្រាក់ ០.៥០លានដុល្លារ) និងបំណុលសាធារណៈក្រៅប្រទេសមានចំនួន ៩៩.៦ភាគរយ ត្រូវនឹង ៣៥៨,៦៨លានដុល្លារ (ប្រាក់ដើម ២៦៥,៣២លានដុល្លារ និងការប្រាក់និងកម្រៃផ្សេងៗ ៩៣.៣៧លានដុល្លារ)៕

ដោយ៖ មឿន ឌីណា (Moeun Dyna)