Register Already an agent ? Login

ពិតជាទំនើប! ការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រើបច្ចេកវិទ្យាវៃឆ្លាត ២ប្រភេទ

ភ្នំពេញ៖ ការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានប្រើបច្ចេកវិទ្យាវៃឆ្លាត ​២ប្រភេទ គឺ ម៉ាស៊ីនឈូសផ្ទៃថ្នល់ដោយប្រព័ន្ធ GCS និងម៉ាស៊ីនស្វ័យប្រវត្តិក្រាលផ្លូវផ្នល់ 3D។ បើតាម​ទំព័រហ្វេសប៊ុកផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

ម៉ាស៊ីនប្រភេទទី១ គឺម៉ាស៊ីនឈូសផ្ទៃថ្នល់ដោយប្រព័ន្ធ GCS ជាម៉ាស៊ីនស្វ័យប្រវត្តិមួយ អាចជំនួសអ្នកវាស់ស្ទង់ ១នាក់ អ្នកកត់ត្រា ១នាក់ និងអ្នកដាំបង្គោលទាញខ្សែ ១នាក់។ បើតាមការបន្តពីទំព័រហ្វេសប៊ុកខាងលើ បានបញ្ជាក់ឱ្យដឹងថា គម្រោង នាំចូលឧបករណ៍ឈូសផ្ទៃថ្នល់ដោយស្វ័យប្រវត្តិ ការឈូសក្រាលគ្រែថ្នល់ដែលមានភាពត្រឹមត្រូវ និងប្រសិទ្ធភាពជាងមនុស្សវាស់ផ្ទាល់ ព្រមទាំងអាចគ្រប់គ្រងទិន្នន័យសំណង់ក្នុងពេលវេលាជាក់ស្តែងផងដែរ។

ម៉ាស៊ីនប្រភេទទី២ គឺម៉ាស៊ីនស្វ័យប្រវត្តិក្រាលផ្លូវផ្នល់ 3D (ឬ Automatic & Precise 3D Paving) មានកម្រិតច្បាស់លាស់ ត្រូវបានប្រើសម្រាប់ត្រួសត្រាយស្រទាប់បេតុង (cement stabilized sub-base) និងស្រទាប់កៅស៊ូ (asphalt pavement) ដោយដំឡើងប្រព័ន្ធបញ្ជាដោយស្វ័យប្រវត្តិទៅនៅលើម៉ាស៊ីនក្រាលផ្លូវផ្នល់ដែលមានស្រាប់ ប្រៀបនឹងការវាស់ដោយបុគ្គលិកផ្ទាល់ ប្រព័ន្ធស្វ័យប្រវត្តិអាចជួយសន្សំកម្លាំងនិងពេលវេលា។ បើតាមការបន្តទៀត នៅក្នុងទំព័រហ្វេសប៊ុកផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានក្រាលថ្នល់ដោយប្រើប្រាស់កៅស៊ូក្រាលថ្នល់ប្រភេទ SBS នៅក្នុងប្រទេសកម្ពុជាជាលើកដំបូង ដែលអាចស៊ាំទៅនឹងសីតុណ្ហភាពខ្ពស់ និងអាកាសធាតុភ្លៀងធ្លាក់ច្រើនរបស់ប្រទេសកម្ពុជា ដែលធ្វើឱ្យពង្រឹងនូវសមត្ថភាពដឹកជញ្ជូននិងអាយុកាលនៃផ្លូវផងដែរ។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជាពីភ្នំពេញទៅ ខេត្តព្រះសីហនុមានប្រវែង ១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កំពុងសម្រុកសាងសង់យ៉ាងមមាញឹក មកដល់ពេលនេះសម្រេចបានប្រមាណ ៦០ភាគរយហើយ គ្រោងនឹងបើកដំណើរការជាផ្លូវការនៅខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។

គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ២ពាន់លានដុល្លារ កំពុងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd.៕

ដោយ៖ មឿន ឌីណា (Moeun Dyna)