Register Already an agent ? Login

អភិបាលខេត្តកែប កំពុងរៀបចំ «ភ្នំសសៀរ» ទៅជារមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ ទាក់ទាញភ្ញៀវទេចរមកកម្សាន្ត

កែប៖ «ភ្នំសសៀរ» ស្ថិត​នៅក្នុង​ភូមិសាស្រ្ត ភូមិ​ដំណាក់​ចំបក់ ឃុំ​អូរក្រសារ ស្រុក​ដំណាក់​ចង្អើរ ចម្ងាយ​ប្រមាណ​ ១៤ គីឡូម៉ែត្រ ​ពី​ក្រុង​កែប និង៣គីឡូម៉ែត្រ ​ពី​រង្វង់មូល​សេះស។ ភ្នំ​សសៀរ ​មាន​រូងថ្ម​សំខាន់ៗ​ចំនួន​បួន គឺ​ល្អាង​ស្តេច​ដំរីស ល្អាង​វាលស្រែ​មួយ​រយ ល្អាង​ស-ខ្មៅ និង ល្អាង​ប្រចៀវ​។ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងថា ភ្នំនេះមានប្រវត្តិរឿងព្រេងវែងអន្លាយគួរជាទីទាក់ទាញ ហេតុនេះយើងបាននិងកំពុងរៀបចំរមណីយដ្ឋាននេះ ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ។

លោក សោម ពិសិដ្ឋ បានដឹកនាំក្រុមមន្រ្តីនៃមន្ទីរជំនាញពាក់ព័ន្ឋ ដើម្បីពិនិត្យនិងរៀបចំផែនការធ្វើយ៉ាងណា អភិវឌ្ឍន៍រមណីយដ្ឋានភ្នំសសៀរឱ្យកាន់តែមានភាពទាក់ទាញ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ អន្តរជាតិទៅទស្សនាកម្សាន្ត ក្រោយពេលជំងឺកូវីដ-១៩ អាចគ្រប់គ្រងបាននាពេលខាងមុខ។ បើតាមគេហទំព័រអចលនទ្រព្យអាស៊ី ដែលបានសម្ភាស អភិបាលខេត្តកែបកាលពីថ្មីនេះ។

អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ ដែលបានថ្លែងប្រាប់គេហទំព័រខាងលើឱ្យដឹងថា រមណីយដ្ឋាននេះ ស្ថិតនៅក្នុងក្រុងកែប មិនឆ្ងាយនោះឡើយដែលភ្ញៀវទេសចរអាចចូលទៅលម្ហែកម្សាន្ត ដោយខេត្តនឹងរៀបចំជណ្តើរឡើងចុះងាយស្រួល មានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចជាតិ និងអន្តរជាតិបានទស្សនាស្វែងយល់និងកម្សាន្ត។

ខេត្តកែប ពិតជាមានភាពទាក់ទាញអារម្មណ៍ នៅពេលទៅដល់ម្តងៗ ដោយសារខេត្តនេះមានឧទ្យានជាតិនៅកណ្តាលក្រុង ដែលផ្តល់នូវបរិយាកាសធម្មជាតិដ៏ត្រជាក់ត្រជុំ។ បើតាមការថ្លែងរបស់ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានបន្តថា ខេត្តនេះមានសក្តានុពលទេសចរណ៍ច្រើនណាស់ ហើយជាខេត្តដែលយើងបានទៅដល់សម្រាកលម្ហែកាយ គឺមិនចង់វិលត្រឡប់មកវិញឡើយ។

ព្រះគ្រូចៅអធិការ ព្រះនាម ផាន អ៊ ​បាន​មាន​សង្ឃដីកា​ពន្យល់​ពី​ល្អាង​សំខាន់ នៅភ្នំសសៀរឱ្យ​ដឹងថា៖​ «ល្អាង​ស្តេច​ដំរីស គឺជា​ល្អាង​មួយ​ធំ​ហើយ​សំខាន់​ជាង​គេសម្រាប់​គោរព​បូជា ព្រោះ​ទី​នេះ​មាន​ថ្ម​ពណ៌ស ដុះ​ដូច​រូប​សត្វ​ដំរី ជាប់​ជាមួយ​ល្អាង​ដំរី​នោះ​ក៏​មាន​ស្ថាបត្យកម្ម​កំពូល​មួយ​គឺ​ល្អាង​វាលស្រែ​១០០ ដែល​បាន​លាក់បំពួន​អាត្មា​ក្នុង​រូង​ងងឹត​នេះ។

ព្រះគ្រូចៅអធិការ បានមាន​សង្ឃដីកាបន្តថា រីឯ​ល្អាង​ប្រចៀវ​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ភ្នំ មុន​នឹង​ចូល​មក​ដល់​ទី​នេះ​លោក​អ្នក​អាច​នឹង​ឮ​សូរសំឡេង​រងំ​នៃ​សត្វ​ប្រចៀវ។ ល្អាងប្រចៀវ ​ជា​រូង​ធំ​ហើយ​ជ្រៅនិង​មាន​ទឹក​ខួប​ប្រាំង​ខួប​វស្សា​នៅ​ទី​នោះ​។

ទោះ​ជា​មាន​ការ​អះអាងថា នៅលើ​កំពូល​ភ្នំ​សសៀរ មាន​ចេតិយ​ជា​កន្លែង​ស័ក្តិសិទិ្ធ និង​អាច​មើល​ទេសភាព​ដ៏ធំ​ល្វឹងល្វើយ តែ​អ្នក​នៅ​ម្តុំ​រមណីយដ្ឋាន​នោះ​បែរ​ជា​ត្អូញត្អែរ​ថា ទី​នេះ​មិនមែន​ជា​ទី​ចាប់​អារម្មណ៍​សម្រាប់​ភ្ញៀវទេសចរ​ជាតិ​ឡើយ ភ្ញៀវ​មក​ដល់​ទី​នេះ​ភាគច្រើន​ជា​ភ្ញៀវបរទេស​ទៅវិញ​។ បើតាមព្រះគ្រូចៅអធិការ បានមាន​សង្ឃដីកាបន្ថែម។

សូមបញ្ជាក់ថា ក្រៅពី​មាន​ព្រៃ​ធម្មជាតិ​ល្អ​ស្រស់​គ្រប់​រដូវកាល ខ្យល់​បរិសុទ្ធ​អាកាសធាតុ​សមល្មម​មិន​ត្រជាក់​មិន​ក្តៅ និង​អាច​មើល​ឃើញវាលស្រែ ព្រៃភ្នំ ភូមិឋាន កោះ លំហ​សមុទ្រ​ធំ​ល្វឹងល្វើយ​ជុំវិញ​ក្រុង​កែប រមណីយដ្ឋាន​វប្បធម៌​ភ្នំ​សសៀរ ដែល​បង្កប់​ដោយ​ល្អាង​ជាច្រើន​នៅ​ក្រោម​ភ្នំ ក៏​ជា​ទី​បួងសួង​ដល់​វត្ថុស័ក្តិសិទ្ធិ​ផង​ដែរ​ដោយសារ​ទី​នោះ​ជា​ទីតម្កល់​វត្ថុ​ស័ក្តិសិទ្ធិ​ទាំង​បី​របស់​ព្រះពុទ្ធ​ដែល​គេ​បាន​យក​ទៅ​តម្កល់​ទុក​នៅក្នុង​នោះ គឺ​សារីរិកធាតុ​របស់​ព្រះពុទ្ធ។ ភ្នំ​សសៀរ​ប្រមូល​ផ្តុំ​ដោយ​ភ្នំ​តូច​ៗ​ចំនួន​៣ ​ មាន​ទំហំ​ផ្ទៃដី​ប្រមាណ ១​គីឡូម៉ែត្រ​ការ៉េ និង​មាន​កម្ពស់​ជាង​ ៤០​ម៉ែត្រ​៕

ដោយ៖​ Moeun Dyna