Register Already an agent ? Login

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ ពីភ្នំពេញទៅខេត្តកំពត ជិតរួចរាល់នៅសល់ប្រមាណ ២% ទៀត

ភ្នំពេញ៖ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត សម្រេចបាន ៩៨,០៤ភាគរយហើយ គិតរហូតមកទល់ចុងខែឧសភា ឆ្នាំ២០២១ នៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះ។ បើតាមការឱ្យដឹងពី ក្រសួងសាធារណការ និងដឹកជញ្ជូន។

បច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពន្លឿនការងារ បំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅក្នុងស្ថានីយ៍ ដោយឡែក ស្ពានអាកាសថ្មើរជើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតនៅម្ដុំត្រាំខ្នាគ្រោងនឹងបញ្ចប់ការងារទាំងស្រុងក្នុងចុងខែមិថុនា ឆ្នាំ២០២១ខាងមុខ ពោលគឺក្នុងរយៈពេលមួយខែទៀត។

ផ្លូវនេះ ក៏មានការរៀបចំឱ្យមានការបើករបាំងសម្រាប់បត់ត្រឡប់ក្រោយ (U-Turn Design) មួយចំនួន ដើម្បីឆ្លើយតបជាមួយនឹងប្រជាពលរដ្ឋដែលត្រូវការបត់ចុះបត់ឡើង។ មានការរៀបចំកន្លែងចំណតយានយន្តមួយចំនួននៅតាមទីប្រជុំជនដើម្បីសម្រួលនិងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឱ្យស្រួលចត ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍សងខាងផ្លូវ ហើយនិងស្ពានអាកាសឆ្លងកាត់ផ្លូវសម្រាប់អ្នកថ្មើរជើងនៅតាមទីតាំងចាំបាច់ ដែលស្របតាមបច្ចេកទេស ក្នុងទិសដៅរក្សាបាននូវល្បឿនអតិបរមាបានកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន។

លើសពីនេះទៀត ផ្លូវនេះត្រូវបានតុបតែងលម្អ ដោយការដាំដើមរុក្ខជាតិ ផ្កា និងសួនស្មៅនៅចំកណ្តាលទ្រូងផ្លូវ ប្រកបដោយទេសភាពពណ៌បៃតងស្រស់ ដែលមិនត្រឹមតែអាចជួយបន្ថយភាពនឿយហត់របស់អ្នកបើកបរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវអារម្មណ៍ស្រស់ស្រាយ និងរីករាយសម្រាប់អ្នកដំណើរផងដែរ ហើយក្នុងនោះក៏មានការបំពាក់កាមេរ៉ាល្បឿនចំនួន ១៤គ្រឿង តាមបណ្តោយផ្លូវដើម្បីក្រើនរម្លឹកដល់អ្នកបើកបរឱ្យគោរពច្បាប់ចរាចរណ៍ និងរួមគ្នារក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវថ្នល់ឱ្យបានល្អ និងធានាសុវត្ថិភាពខ្ពស់។

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត មានប្រវែងសរុប ១៣៤,៧៩៦គីឡូម៉ែត្រ ត្រូវបានចែកជាពីរដំណាក់កាលគឺ៖

ដំណាក់កាលទី១ ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង ៧០គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ ចែកចេញជា ៤គន្លង (២គន្លងទៅ២គន្លងមក)។

ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង ៦៤,៨២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវAC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ចែកជា ២គន្លង។

សូមគូសបញ្ជាក់ថា គម្រោងនេះចំណាយថវិកាសរុបប្រមាណ ២១៩ ៩១១ ០០០ដុល្លារ ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ៕

ដោយ៖ Moeun Dyna