Register Already an agent ? Login

AFD ផ្តល់សហហិរញ្ញប្បទាន ជាមួយដៃគូអភិវឌ្ឍន៍ដទៃទៀត ក្នុងគម្រោងចំនួន៥ ទឹកប្រាក់សរុបចំនួន ១៦៧,៩លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ AFD បាននិងកំពុងចូលរួមផ្តល់សហហិរញ្ញប្បទាន ជាមួយដៃគូអភិវឌ្ឍន៍ដទៃទៀត ក្នុងគម្រោងចំនួន ៥ ដែលមានទឹកប្រាក់សរុបចំនួន ១៤១,៥លានអ៊ឺរ៉ូ (១៦៧,៩លានដុល្លារ)។ បើតាមការថ្លែងឱ្យដឹងពី រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង​ សាខុន បានបញ្ជាក់ថា ក្នុងចំណោមគម្រោងទាំង ៥ មានគម្រោងចំនួន ៣ ដែលក្រសួងបាននិងកំពុងអនុវត្ត។

នៅក្នុងជំនួបជាមួយ លោកស្រី Ophelie Bourhis នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំនៅ កម្ពុជា និងសហការី នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ លោក រដ្ឋមន្រ្តីបានថ្លែងបន្តថា គម្រោងចំនួន ៣ ដែលក្រសួងបាននិងកំពុងអនុវត្តរួមមាន៖

ទី១-កាជំរុញកំណើនវិស័យកសិកម្មនៅកម្ពុជាដោយចីរភាព (CaPFish Aquaculture) ២៥លានអឺរ៉ូ (២៩,៧លានដុល្លារ) ចូលរួមផ្តល់សហហិរញ្ញប្បទានជាមួយសហភាពអ៊ឺរ៉ុប ដោយផ្តោតទៅលើការធ្វើឱ្យប្រសើរឡើងវិស័យវារីវប្បកម្ម ប្រកបដោយនិរន្តភាព ធន់នឹងការប្រែប្រួលអាកាសធាតុ។ ទី២-គម្រោងថ្នាក់តំបន់ស្តីពីការអភិវឌ្ឍកសិ-ទេសចរណ៍ និងប្រព័ន្ធសុវត្ថិភាពចំណីអាហារ ដែលមានទឹកប្រាក់សរុបចំនួន ១១,៥លានអ៊ឺរ៉ុ (១៣,៧លានដុល្លារ) នឹងគម្រោងទី៣ គឺគម្រោង ជាខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងការលើកកម្ពស់សុវត្ថិភាពកសិផល ដែលបានធ្វើសហការហិរញ្ញប្បទានជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងតម្លៃទឹកប្រាក់ ២៥លានអឺរ៉ូ (២៩,៧លានដុល្លារ)។

នាឱកាសនោះ លោក វេង សាខុន បានវាយតម្លៃខ្ពស់លើលទ្ធផលនៃការអនុវត្តគម្រោងទាំង៣ ព្រោះវាបាននិងកំពុងចូល រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យជលផលចំទិសដៅ សមស្របតាមសភាពការណ៍ មានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់ស្របតាមផែនការយុទ្ធសាស្រ្តដែលបានគ្រោង ទុកគឺការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព និរន្តរភាព បរិយាប័ន្ន និងការប្រែប្រួលអាកាសធាតុ។

លោក រដ្ឋមន្រ្តីក្រសួងកសិកម្ម បានថ្លែបន្តទៀតថា ដោយឡែក មានគម្រោងពីរទៀត កំពុងវាយតម្លៃដើម្បីផ្តល់ហិរញ្ញប្បទាននៅក្នុងឆ្នាំ២០២១នេះ ទី១ គម្រោងកម្មវិធីស្តីពី «ការអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មដោយពឹងលើទឹកភ្លៀង រួមមានកៅស៊ូ ដំណាំចំណីសត្វ និងបន្លែ»  ដែលភាគី AFD និងចូលរួមផ្តល់ហិរញ្ញប្បទានចំនួន ៥០លានអ៊ឺរ៉ូ (៥៩,៣៥លានដុល្លារ) និងគម្រោងកម្មវិធីទី២ «ការគ្រប់គ្រងជលផលនៅតំបន់ឆ្នេ និងសមុទ្រ ប្រកបដោយនិរន្តភាព» ដែលត្រូវចូលរួមសហហិរញ្ញប្បទានជាមួយធនាគារអភិវឌ្ឍន៍អាស៊ីចំនួន ៣០លានអ៊ឺរ៉ូ (៣៥,៦១លានដុល្លារ)។

នៅក្នុងជំនួបនោះកិច្ចពិភាក្សានេះ លោក រដ្ឋមន្ត្រីបានគាំទ្រ និងជំរុញឱ្យ AFD អនុម័តឱ្យបានឆាប់ដែលអាចធ្វើទៅបានដើម្បីអនុវត្តស្របតាមស្ថានភាពបច្ចុប្បន្ននៃផលិតកម្មសត្វ និងបន្លែកំពុងតែចូលរួមយ៉ាងសកម្មក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ឱកាសការងារ និងសន្តិសុខស្បៀង។

នាឱកាសនេះ ក្នុងនាមទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ បានថ្លែងអំណរគុណ ចំពោះកិច្ចសហការរបស់ក្រសួងនាពេលកន្លងមកធ្វើឱ្យការអនុវត្តគម្រោងដំណើរការទៅដោយរលូន។ ហើយលោកស្រីបានថ្លែងឱ្យដឹងដោយ សង្ខេបអំពីលទ្ធផលបឋមនៃការ អនុវត្តគម្រោងទាំងពីរខាងលើថា គម្រោងបាននិងកំពុងដំណើរការទៅដោយរលូន និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។

លោក ស្រី បានបន្តថា គម្រោងទាំងពីរ ទី១គ្រោងនឹងអនុវត្តក្នុងឆ្នាំនេះ និងមួយទៀតកំពុងពិនិត្យ និងវាយតម្លៃ ហើយអាចអនុម័តក្នុងឆ្នាំ២០២១។ លោកស្រី សង្ឃឹមនិងជឿជាក់ថា គម្រោងនឹងចូលរួមចំណែងធ្វើឱ្យតខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្មមានលក្ខណល្អប្រសើរ រួមទាំងងផលិតកម្មសត្វ និងបន្លែផងដែរ ដែលនឹងចូលរួមលើកកម្ពស់តម្លៃ បន្ថែមទីផ្សារ និងការប្រកួតប្រជែងទាំងបរិមាណ គុណភាព និងសុវត្ថិភាពតាមរយ:ការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប សមស្រប ធន់នឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍៕

ដោយ៖ Moeun  Dyna