Register Already an agent ? Login

គម្រោងអភិវឌ្ឍន៍ទីក្រុងរាម លើផ្ទៃដី ៨៣៤ហិកតា ទុនវិនិយោគតម្លៃជាង ១៦ពាន់លានដុល្លារ បានអនុម័តរួចរាល់

ព្រះសីហនុ៖ គម្រោងអភិវឌ្ឍទីក្រុងរាម លើផ្ទៃដី ៨៣៤ហិកតា ក្នុងទុនវិនិយោគតម្លៃជាង ១៦ពាន់លានដុល្លារ នឹងផ្លាស់ប្តូរមុខមាត់តំបន់រាមទៅជាទីក្រុងពាណិជ្ជកម្ម និងអេកូទេសចរណ៍ថ្មីមួយ ដែលអាចទទួលយកអ្នកស្នាក់នៅដល់ទៅ ១៣០ ០០០នាក់។ គម្រោងនេះស្ថិតនៅឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងជាប់ជាមួយក្រុងព្រះសីហនុ ដែលនឹងតភ្ជាប់ឆ្នេរសមុទ្ររាម ឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល។

ក្រុមហ៊ុន Canopy Sands Development ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Prince Holdings Group កាលពីថ្មីៗនេះ បានសម្រេចអនុម័តទទួលយកប្លង់មេនៃគម្រោងអភិវឌ្ឍន៍ទីក្រុងរាម ដែលទើបតែសិក្សារួចរាល់ដោយក្រុមហ៊ុនសិង្ហបូរី Surbana Jurong។ បើតាមតាមគេហទំព័រសំណង់ និងអចលនទ្រព្យបានដកស្រង់ ពីសារព័ត៌មាន The Straits Times។

គេហទំព័រនេះបានដកស្រង់បន្តថា លោក Yeo Choon Chong នាយកប្រតិបត្តិប្រចាំតំបន់អាស៊ានរបស់ Surbana Jurong បានប្រាប់ The Straits Time ថា ប្លង់មេនេះ ផ្ដោតសំខាន់ទៅលើការច្របាច់បញ្ចូលគ្នានៃធម្មជាតិ បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធគម្រោង។ លោក បានបន្តថា ផ្នែកសំខាន់ៗនៃផែនការនេះរួមមាន ការបង្កើតឆ្នេរខ្សាច់ថ្មីដែលលាតសន្ធឹងប្រវែងពី ៦គីឡូម៉ែត្រ។ ឆ្នេរដ៏វែងនេះ នឹងជាកន្លែងដែលក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសហគមន៍ ដ៏សម្បូរបែបមួយ។

គម្រោងនេះ រួមមាន សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន អគារស្នាក់នៅ សាលប្រជុំ សាលសន្និសិទ មជ្ឈមណ្ឌលពាណិជ្ជកម្មនិងហិរញ្ញវត្ថុ មជ្ឈមណ្ឌលកីឡា និងជាពិសេសទីលានវាយកូនគោលជាដើម។ បើយោងតាមផែនការដែលបង្ហាញដោយក្រុមហ៊ុន Canopy Sands Development បានឱ្យដឹងបន្តថា​ គម្រោងនេះក៏នឹងរួមបញ្ចូលនូវការរៀបចំឆ្នេរខ្សាច់ស្អាតថ្មីចំនួន ២ឆ្នេរ នឹងបើកឱ្យប្រើប្រាស់ជាសាធារណៈ ក្រោយបញ្ចប់គម្រោង។

គម្រោងទីក្រុងរាមនេះ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៏ទេសចរណ៍ពិសិដ្ឋនាគរាជ របស់ក្រសួងទេសចរណ៍ ដែលលាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ ៣ ០៨១ហិកតា។ គម្រោងនាគរាជនេះ គឺស្ថិតនៅឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងជាប់ជាមួយក្រុងព្រះសីហនុ ដែលនឹងតភ្ជាប់ឆ្នេរសមុទ្ររាម ឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល ក៏ដូចជាព្រលានយន្តហោះ ទៅជាតំបន់សក្តានុពលសេដ្ឋកិច្ចដ៏ធំមួយ។ បើតាមការបញ្ជាក់របស់គេហទំព័រដដែល៕

ដោយ៖ Moeun Dyna