Register Already an agent ? Login

រដ្ឋាភិបាលសន្សំថវិកាបានប្រមាណ ៩១៨លានដុល្លារ សម្រាប់ វិបត្តិជំងឺកូវីដ-១៩ និងផលប៉ះពាល់សង្គម-សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ ការធ្វើវិចារណកម្មចំណាយថវិកាឆ្នាំ២០២០ ចំនួន២លើក រាជរដ្ឋាភិបាលសន្សំថវិកាបានសរុបចំនួន ៣ ៧១៦០៥៤លានរៀល ឬសមមូលនឹងប្រមាណ ៩១៨លានដុល្លារ ក្នុងនោះថវិកាថ្នាក់ជាតិសន្សំបាន ៦៧៧លានដុល្លារ ចំណាយចាំបាច់ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការទប់ទល់ផលប៉ះពាល់អវិជ្ជមានមកលើសង្គម-សេដ្ឋកិច្ចកម្ពុជា។ បើតាមសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែល លោក ផៃ ស៊ីផាន បង្ហាញលើគណីហ្វេសប៊ុក របស់លោក។

សេចក្ដីព្រាងច្បាប់ បានបន្តថា សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានកាត់បន្ថយចំណាយទៅតាមការថយចុះចំណូលចំនួន ២៤១លានដុល្លារ ដើម្បីរក្សាតុល្យភាពចំណូល-ចំណាយថ្នាក់ក្រោមជាតិ។

សមិទ្ធផលខាងលើដែលសម្រេចបានមកនេះ គឺមិនអាចកាត់ផ្តាច់ចេញពីការខិតខំប្រឹងប្រែងជាប់ជាប្រចាំ និងលទ្ធផលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលមានចក្ខុវិស័យប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈផ្តោតលើលទ្ធផលឬសមិទ្ធកម្ម និងវិមជ្ឈការ ស្របតាមស្តង់ដារនិងឧត្តមានុវត្តអន្តរជាតិ របស់រាជរដ្ឋាភិបាលបានឡើយ។

ក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២១ តាមការវាយតម្លៃពាក់កណ្តាលឆ្នាំកន្លងមក សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនអវិជ្ជមានក្នុងអត្រា -១,៩ភាគរយ ក្នុងពេលដែលការវាយតម្លៃឡើងវិញរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗនាពេលថ្មីៗនេះបានខិតមកគៀកនឹងកម្រិតអវិជ្ជមានជាង -២%។

ដោយឡែក សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ត្រូវបានព្យាករថានឹងងើបឡើងវិញ ហើយរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៣,៥ភាគរយ ដែលធ្វើឱ្យ ផលិតផលសរុបក្នុងស្រុកសរុប (ផ.ស.ស.) ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១១៧ ៩៣៩ប៊ីលានរៀល សមមូលនឹងប្រមាណ ២៩ ០១៣លានដុល្លារ ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់ ១ ៧៧១ដុល្លារ បើប្រៀបធៀបនឹង ១ ៦៨៣ដុល្លារ ក្នុងឆ្នាំ២០២០។

វិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងងើបឡើងវិញក្នុងអត្រាកំណើន ៤,១ភាគរយ ក្នុងឆ្នាំ២០២១ ពីកំណើនអវិជ្ជមានក្នុងអត្រា -២,២ភាគរយ ក្នុងឆ្នាំ២០២០ ដោយសារការរំពឹងទុកនូវការងើបឡើងវិញក្នុងកម្រិតទាបនៃអនុវិស័យកាត់ដេរ និងអនុវិស័យសំណង់ ខណៈដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរត្រូវបានរំពឹងថា នៅរក្សាបានកំណើនល្អប្រសើរ។

វិស័យសេវាកម្មត្រូវបានព្យាករថា នឹងមានកំណើនក្នុងអត្រាទាប ៣,៦ភាគរយ ក្នុងឆ្នាំ២០២១ បើប្រៀបធៀបនឹងកំណើនអវិជ្ជមានក្នុងអត្រា -៣,០ភាគរយ ក្នុងឆ្នាំ២០២០ ដោយសារការរំពឹងទុកនៃការងើបឡើងវិញក្នុងកម្រិតទាបនៃសកម្មភាពសេដ្ឋកិច្ច ពិសេសក្នុងវិស័យទេសចរណ៍ និងការប្រើប្រាស់ក្នុងស្រុកបន្ទាប់ពីវិបត្តិកូវីដ-១៩។

វិស័យកសិកម្ម ត្រូវបានប៉ាន់ស្មានថាកើនឡើងក្នុងអត្រា ១,៦ភារយ ក្នុងឆ្នាំ២០២១ ពីកំណើន ០,៩ភារយ ក្នុងឆ្នាំ២០២០ ដោយសារការកើនឡើងនៃអនុវិស័យដំណាំ អនុវិស័យចិញ្ចឹមសត្វ និងអនុវិស័យនេសាទ។

ទន្ទឹមនេះ សម្រាប់ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានគ្រោងថវិកាចំនួន ៤០ប៊ីលានរៀល ដោយឡែកផ្សេងទៀត សម្រាប់ផ្តល់លទ្ធភាពដល់ក្រសួងស្ថាប័នអាចជ្រើសរើសមន្ត្រីមានសមត្ថភាព និងជំនាញខ្ពស់ចូលបម្រើការងាររដ្ឋ។

ដូចឆ្នាំមុនដែរ រាជរដ្ឋាភិបាលក៏បានគ្រោងថវិកាចំនួន ៥០ប៊ីលានរៀល សម្រាប់មូលនិធិថែទាំសុខភាពមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការនិងអតីតយុទ្ធជន និងបានបន្តគ្រោងថវិកាចំនួន ៦ប៊ីលានរៀល សម្រាប់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ ដើម្បីលើកកម្ពស់សុខភាពមន្ត្រីរាជការស៊ីវិល នៅក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល។

ចំពោះប្រាក់សោធននិវត្តន៍ ក៏ត្រូវបានគ្រោងថវិកាចំនួន ៣០ប៊ីលានរៀល សម្រាប់ការកាត់បន្ថយគម្លាតរបបសោធនរបស់និវត្តជន រវាងអ្នកចូលនិវត្តន៍ចាស់ និងអ្នកចូលនិវត្តន៍ថ្មី ជូនដល់និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ៕

ដោយ៖ Moeun Dyna