
ភ្នំពេញ៖ ការផ្ដល់ជំនួយឥតសំណង ព្រមទាំងហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់ របស់រដ្ឋាភិបាលចិន សម្រាប់ការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ហើយនិងមានសក្ដានុពលជាច្រើន ក្នុងទិសដៅជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍកម្ពុជា។ ជាការថ្លែងរបស់ លោក ស៊ុន ចាន់ថុន រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
ការថ្លែងខាងលើ របស់ លោក ស៊ុន ចាន់ថុល តាមរយៈវីដេអូ នៅក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឈូងសមុទ្រ Pan-Beibu លើកទី១១ និងសន្និសីទកិច្ចសហប្រតិបត្តិការកំពង់ផែចិន និងអាស៊ានឆ្នាំ២០២០ ដែលបានធ្វើឡើងនៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃប្រទេសចិន កាលពីថ្ងៃទី១៥ ខែតុលា នេះ។
វេទិកា និងសន្និសីទកំពង់ផែនេះ គឺជាយន្តការមួយសម្រាប់កសាងនូវបណ្តាញ និងពង្រឹងនូវកិច្ចសហប្រតិបត្តិការនៅក្រោមភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាននិងចិន ដើម្បីទាញយកផលប្រយោជន៍ពីតំបន់ពាណិជ្ជកម្មសេរីរវាងអាស៊ាន និងចិន និងកិច្ចព្រមព្រៀងទ្វេភាគី។ ជាការថ្លែងបន្តរបស់ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន។

លោក ស៊ុន ចាន់ថុល បានថ្លែងបន្ថែមថា នេះមិនមែនជាពេលដែលចោទទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកទេ គឺជាពេលដែលពិភពលោកត្រូវរួបរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនូវជំងឺកូវីដ-១៩ និងពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងគ្នា ដើម្បីជំរុញនូវកំណើនសេដ្ឋកិច្ចពិភពលោក
លោក បញ្ជាក់ « ចៀសវាងឱ្យបាននូវការវិលត្រឡប់ទៅរកការដាក់នូវរបាំង ឬវិធានការនានា ដែលរិតត្បិតដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិដោយសេរី»។
សូមរម្លឹកថា លោក ស៊ុន ចាន់ថុល ធ្លាប់បានថ្លែងពេលចុះពិនិត្យគម្រោងធ្វើផ្លូវ ថាចិន បានឈរនៅក្នុងលំដាប់លេខរៀងទី១ ដែលបានផ្តល់នូវកម្ចី និងហិរញ្ញប្បទាន ដ៏ច្រើនដល់កម្ពុជាក្នុងការស្តារ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា មានប្រវែងជិត ៣០០០គីឡូម៉ែត្រ នៅទូទាំងប្រទេស។

គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រើប្រាស់ហិរញ្ញប្បទាន និងជំនួយឥតសំណង របស់មិត្តចិន បានសាងសង់រួចរាល់មានចំនួន ២៧ខ្សែ ប្រវែងសរុប ២,៧៧៩គីឡូម៉ែត្រ។ បើតាមការថ្លែង របស់ សម្ដេច ហ៊ុន សែន ក្នុងវិទិការសម្ពោធផ្លូវកន្លងមក បន្តថា គម្រោងកំពុងសាងសង់មានចំនួន ៥ខ្សែ មានប្រវែងប្រមាណ ៤៩៧,២០គីឡូម៉ែត្រ។

នៅក្នុងពិធីនោះដែរ សម្ដេច នាយរដ្ឋមន្រ្តីថ្លែងបន្តថា បានសាងសង់ស្ពានធំៗចំនួន៨ ប្រវែងសរុប ៧,៤៣៤ម៉ែត្រ និងស្ពានកំពុងសាងសង់ ដូចជា ស្ពានមិត្តភាពកម្ពុជា-ចិន ក្នុងខេត្តកំពងចាម ស្ទឹងត្រង់-ក្រូចឆ្មារ និងស្ពានឆ្លងកាត់ទន្លេបាសាក់ (សិត្បូ) នៃគម្រោងខ្សែក្រវាត់ក្រុងទី៣ ជាដើម៕
ដោយ៖ Moeun Dyna