Register Already an agent ? Login

លោក ស៊ុន ចាន់ថុល៖ ច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍ស្វាយរៀង បង្កើនការវិនិយោគ ជំរុញការធ្វើពាណិជ្ជកម្ម កម្ពុជា-វៀតណាម

ស្វយរៀង៖ ការបើកច្រកព្រំដែនត្រង់ចំណុចព្រៃវល្លិ៍​ ស្វាយរៀង​ នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសកម្ពុជា-វៀតណាម​ កាត់បន្ថយការកកស្ទះចរាចរណ៍ បង្កើនការវិនិយោគ ជំរុញការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងការទាក់ទាញភ្ញៀវទេសចរណ៍ ដែលកត្តាទាំងនេះជាកម្លាំងចលករយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមរបស់ប្រជាជាតិ។

ខាងលើជាការថ្លែងរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាពេល ដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាពការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ និងពិនិត្យពិភាក្សាអំពីបញ្ហាប្រឈមនិងដំណោះស្រាយជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។

លោក រដ្ឋមន្រ្តីបញ្ជាក់ថា បេសកកម្មនេះធ្វើឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ និងពិនិត្យពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយទាក់ទងនឹងការកកស្ទះចរាចរណ៍ដោយសារការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែននៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងស្វែងរិះរកនីតិវិធីអនុញ្ញាតឱ្យរថយន្តដឹកទំនិញធ្វើចរាចរណ៍តាមច្រកទ្វារព្រៃវល្លិ៍ជាបណ្ដោះអាសន្ន ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ជាមួយភាគីវៀតណាម។

លោក ស៊ុន ចាន់ថុល ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ថា ដោយសារតែនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិតមានការកកស្ទះខ្លាំងលើការដឹកជញ្ជូន ដូច្នេះរដ្ឋាភិបាលសម្រេចបង្កើតច្រកទ្វារថ្មីនេះ ដើម្បីជួយសម្រួល និងបង្កភាពងាយស្រួល។ លោក ថា ក្រោយការបើកដំណើការច្រកទ្វារព្រំដែនមួយនេះនឹងមានវត្តមាននៃគម្រោងបង្កើតជាតំបន់ពិសេសនៅទីនេះផងដែរ ដែលបម្រើការទីតាំងលើកដាក់ទំនិញផ្សេងៗ ហើយក៏អាចមានរោងចក្រសហគ្រាសផងដែរ។

សូមបញ្ជាក់ថា ច្រកព្រំដែនវល្លិ៍ ស្ថិតនៅខេត្តស្វាយរៀង មានព្រំប្រទល់ជាប់នឹងព្រំដែន Binh Heip ខេត្ត Long An ប្រទេសវៀតណាម។

ក្នុងឱកាសនោះ លោក ក៏បានលើកឡើងផងដែរអំពីគម្រោងសាងសង់ ពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិសំខាន់ៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ផ្លូវដែកតភ្ជាប់កម្ពុជា វៀតណាម (ហូជីមិញ) ស្ពានស្ទឹងត្រង់ ស្ពានខេត្តក្រចេះ កំពង់ផែពហុបំណងខេត្តព្រះសីហនុ និងកំពង់ផែសមុទ្រទឹកជ្រៅ ដើម្បីជំរុញនិងលើកកម្ពស់វិស័យភស្តុភារកម្មកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម និងជាឃ្លាំងស្តុកទំនិញរបស់ប្រទេសជិតខាង ដោយហេតុថាកម្ពុជាស្ថិតក្នុងភូមិសាស្ត្រដ៏មានអំណោយផលមួយក្នុងតំបន់ និងជាច្រកដឹកជញ្ជូនទំនិញពីវៀតណាម-កម្ពុជា-ថៃ៕

ដោយ៖ Moeun Dyna