Register Already an agent ? Login

គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន ចំណាយទឹកប្រាក់ជិត ២៧លានដុល្លារ

ភ្នំពេញ៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន (ព្រំដែនកម្ពុជា-ថៃ)សម្រេចបាន ៥ភាគរយ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល ២១ខែទៀត ដែលបានចំណាយទឹកប្រាក់ប្រមាណ ៨៣៥.២៥០.១៦៨បាត (គិតជាដុល្លារ ២៦,៨៨២,៥២៦.៦៧ដុល្លារ) ក្រោមគម្រោងឥណទានទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង(NEDA)។ បើតាមទំព័រហ្វេសប៊ុកហ្វេសក្រសួងដឹកជញ្ជូន។

ក្រសួងបានបន្តថា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាព និងបច្ចេកទេសនៃការសាងសង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានានៅច្រកទ្វារព្រំដែនស្ទឹងបត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ប្រធានមន្ទីរ មន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសផងដែរ។

លោក រដ្ឋមន្រ្តីបានថ្លែងនាឱកាសនោះថា បេសកកម្មនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាព បច្ចេកទេសនៃការសាងសង់ និងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន ឱ្យមានគុណភាពខ្ពស់ ស្របតាមបទដ្ឋាន បច្ចេកទេសដូចមានចែងក្នុងកិច្ចសន្យា ឬសៀវភៅបន្ទុក ក៏ដូចជាដើម្បីពន្លឿនការងារសាងសង់ឱ្យបានរួច រាល់តាមកិច្ចសន្យាដែលបានកំណត់។

លោក ស៊ុ​ន ចាន់ ថុន បានថ្លែងបន្តថា ការអនុវត្តគម្រោងនេះមានការយឺតយ៉ាវរយៈពេល ២ខែធៀបនឹងកិច្ចសន្យា និងផែនការដែលបានកំណត់ ដោយសារកត្តាវិបត្តិជំងឺកូវីដ-១៩ និងរដូវភ្លៀង។ លោក ថា ប៉ុន្តែប្រធានក្រុមហ៊ុន សាងសង់បានប្តេជ្ញាបញ្ចប់គម្រោងនេះឱ្យចប់សព្វគ្រប់តាមកិច្ចសន្យានិងផែនការដែលបានគ្រោងទុក។

ថ្លែងនាពេលចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ កាលពីថ្ងៃទី៥ ខែសីហា នេះ លោក រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុនសាងសង់ថៃពន្លឿនការងារសាងសង់ របស់ខ្លួន និងពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ ដើម្បីរិះរកនីតិវិធីបើកច្រកស្ទឹងបត់នេះជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកព្រំដែន ប៉ុន្តែត្រូវបំពេញឯកសារពាក់ព័ន្ធនៅ ច្រកទ្វារព្រំដែនប៉ោយប៉ែត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

គម្រោងសាងសង់ពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិសំខាន់ៗនៅកម្ពុជា និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានារួមមាន៖ ផ្លូវក្រវាត់ក្រុងទី១ ទី២ ទី៣ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ស្ពានស្ទឹងត្រង់ ស្ពានខេត្តក្រចេះ កំពង់ ផែពហុបំណងខេត្តព្រះសីហនុ និងកំពង់ផែសមុទ្រទឹកជ្រៅ ជាដើម។ ជាការថ្លែងបញ្ជាក់អំពីសារសំខាន់នៃគម្រោង របស់ លោក ស៊ុន ចាន់ថុល នាពេលដែលជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យនៅថ្ងៃខែឆ្នាំខាងលើ មុនពេលចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់។

នាឱកាសនោះដែរ លោក រដ្ឋមន្ត្រី បានបង្ហាញនូវគោលជំហ និងគោលការណ៍របស់ក្រសួង ក្នុងការសាងសង់ផ្លូវឱ្យបានរឹងមាំ ដែលអាចប្រើប្រាស់ជាប់បានយូរអង្វែង ពោលគឺ «មិនមែនធ្វើមុខខូច ក្រោយ ធ្វើក្រោយខូចមុខ ឬចាក់ស្ដើងស៊ីក្រាស ចាក់ក្រាសស៊ីស្ដើងនោះឡើយ»។

លោក បានបញ្ជាក់ «គោលការណ៍នេះត្រូវតែអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត តាមរយៈការប្រើប្រាស់យន្តការចុះពិនិត្យឱ្យបានដិតដល់ និងការបង្កើតក្រុមការងារត្រួតពិនិត្យពិសេស ដើម្បីតាមដានការសាងសង់របស់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស»។

សូមបញ្ជក់ថា ហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមាន៖ អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ឃ្លាំង និងទីលានកុងតឺន័រ និងអគាររដ្ឋបាលជាដើម ដែលសាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន Team Consulting Engineering and Management PLC។

ការបើកច្រកព្រំដែនត្រង់ចំណុចស្ទឹងបត់-បានណងអៀននេះ នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរណ៍ សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជា ជាតិទាំងពីរផងដែរ៕

ដោយ៖ Moeun Dyna