Register Already an agent ? Login

មន្រ្តីជាន់ខ្ពស់កម្ពុជា-ចិន បើកកិច្ចប្រជុំ ជំរុញការអភិឌ្ឍផ្លូវដែក និងគម្រោងសំខាន់ៗទាក់ទងនឹងផ្លូវដែកនៅកម្ពុជា

ភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី ចាំង ជានហ័រ អគ្គនាយករង នៃនាយកដ្ឋានវិនិយោគក្រៅប្រទេស បានដឹកនាំគណៈប្រតិភូ នៃគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់ចិន បើកប្រជុំទ្វេភាគី ពិភាក្សាបន្ថែមលើគម្រោងផ្លូវនៅកម្ពុជា ផែនការមេអភិវឌ្ឍន៍ផ្លូវដែក និងគម្រោងសំខាន់ៗទាក់ទងនឹងផ្លូវដែកនៅកម្ពុជា។

បើតាមកិច្ចប្រជុំនេះធ្វើឡើង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំលើកទី១ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

លោក ប៉េង ពោធិ៍នា បានដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីជំរុញការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល។

កិច្ចប្រជុំនេះមា នគោលបំណង ពិនិត្យលើយន្តការកិច្ចសហប្រតិបត្តិការផ្លូវដែកកម្ពុជា-ចិន ព្រមទាំងកំណត់ទិសដៅការងារបន្ត ដោយផ្តោតចម្បងលើការកសាងសមត្ថភាព ការរៀបចំផែនការមេ ការសិក្សាលើគម្រោងផ្លូវដែក និងយន្តការនៃការអនុវត្តគម្រោង។

ជាលទ្ធផលនៃកិច្ចប្រជុំ លោក ប៉េង ពោធិ៍នា បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ក្រុមការងារបច្ចេកទេសអន្តរក្រសួង និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីបន្តអភិវឌ្ឍន៍ផ្លូវដែក ក៏ដូចជាលើកកម្ពស់ការដឹកជញ្ជូនអន្តរមធ្យោបាយនៅកម្ពុជាឱ្យកាន់តែសម្បូរបែប។

កិច្ចប្រជុំលើកទី២ រវាងមន្រ្តីជាន់ខ្ពស់កម្ពុជា-ចិន ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការ និងពិភាក្សាបន្ថែមលើគម្រោងផ្លូវនៅកម្ពុជា ផែនការមេអភិវឌ្ឍន៍ផ្លូវដែក និងគម្រោងសំខាន់ៗទាក់ទងនឹងផ្លូវដែកនៅកម្ពុជា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង ប្រទេសចិន អនុស្សរណៈនៃការយោគយល់ (MoU) ស្តីពីការបង្កើតយន្តការសហប្រតិបត្តិការផ្លូវដែកកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខាដោយ លោក ស៊ុន ចាន់ថុល ប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម និងលោក កុង លៀង អនុប្រធានគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់ចិន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)